Thursday, September 22, 2016

តើ​ ភាវនា ជា​អ្វី?


តើ​ ភាវនា ជា​អ្វី?

តើ​ ភាវនា ជា​អ្វី?
ភាវនា​ មានន័យ​ថា ការ​ចម្រើន​អប់រំ​ចិត្ត ឬ​ជា​ធម្មតាថា​ការ​តម្កល់​ចិត្ត​ត្រូវ (សមាធិ)។ គេ​អាច​និយាយ​បាន​ថា ការ​សមាធិ​ជា​ការ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ ដោយ​ព្យាយាម​អប់រំ​វា​ឲ្យ​កាន់​តែ​ងាយ​ទ្វេ​ឡើង​ក្នុង​ការ​ចម្រើន​នូវ​ចិត្ត​សប្បុរស​ធម៌ និង​មេត្តា​ករុណា ហើយ​ទីបំផុត​ឈាន​ដល់​ការ​ចម្រើន​ឲ្យ​កើត​នូវ​បញ្ញា។
ជា​ធម្មតា​ក្នុង​ពុទ្ធសាសនា សមាធិ ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​គឺ សមថៈ និង​វិបស្សនា។ សមថភាវនា​មាន​ទម្រង់​ច្រើន​បែប​ណាស់ ហើយ​មេត្តា​សមាធិ គឺ​ជា​ទម្រង់​នៃ​សមាធិ​មួយ ចំណោម​សមាធិ​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​ហេតុ​ផល​ប្រយោជន៍​របស់​វា។
ទោះ​ជា​យ៉ាង​ណា ជា​ធម្មតា​គេ​បាន​ទទួល​ស្គាល់ថា យើង​ត្រូវ​តែ​បន្ត​ចម្រើន​វិបស្សនា​ទៀត ទើប​យើង​អាច​យល់​ពី​ខ្លួន​យើង​ច្បាស់​លាស់​ពិត​ប្រាកដ។ តាម​រយៈ​ការ​ប្រតិបត្តិ​នេះ​ហើយ ដែល​យើង​នឹង​អាច​យល់​ជាក់​ច្បាស់​អំពី​ពុទ្ធវចនៈ និង​ឃើញ​នូវ​សភាវធម៌​ផ្សេងៗ​កើត​ឡើង និង​រលត់​ទៅវិញ​តាម​សភាព​ពិត​របស់​វា។ គេ​អាច​និយាយ​បាន​ថា សមាធិ​គឺ​ជា​ទម្រង់​នៃ​ការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ពិត​ប្រាកដ ព្រោះ​ថា​ព្រះសម្មាសម្ពុទ្ធ​ផ្ទាល់ ទ្រង់​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​តាម​រយៈ​ការ​ប្រតិបត្តិ​សមាធិ​នេះ​ដែរ។ តាម​ពិត​យើង​គួរ​ចាប់​ផ្ដើម​ចម្រើន​នូវ​សមាធិ​ក្នុង​ជីវិត​រស់​នៅ​នេះ ដោយ​មិន​ត្រូវ​រង់​ចាំ​តែ​ពេល​វែង​ទេ។ យើង​អាច​ចម្រើននូវ​សមាធិ​ត្រឹម​តែ​រយៈ​ពេល ១០ ឬ ២០ នាទី ជារៀង​រាល់​ថ្ងៃ ឬម្ដង ម្កាល​ក៏​នឹង​ធ្វើ​ឲ្យ​យើង​បាន​ប្រសើរ​ផង​ដែរ។
យើង​គោរព​ថ្វាយ​បង្គំ​ព្រះពុទ្ធ តើ​យើង​ចាំ​បាច់​ត្រូវ​តែ​ទៅវត្ត​ ឬ​ធ្វើ​សការបូជា ឬ​ក៏​បូជាយញ្ញ?
ពុទ្ធ​សាសនិកមិន​មែន​ធ្វើ​សក្ការបូជា ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ទេ។ យើង​ចាត់​ទុក​ព្រះអង្គ​ជា​គ្រូរបស់​យើង​រាល់​គ្នា ហើយ​យើង​ត្រូវ​គោរព​ថ្វាយ​បង្គំ​ព្រះអង្គ។ ពុទ្ធ​បរិស័ទ​ឱន​គោរព​ថ្វាយ​បង្គំ​ចំពោះ​ព្រះពុទ្ធ​រូប (រូប​សំណាក​ព្រះពុទ្ធ) គឺ​ជា​មាគ៌ា​យ៉ាង​សាមញ្ញ​មួយ​នៃ​ការ​បង្ហាញ​ពី​សេចក្ដី​គោរព។ នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​គោរព​ទង់​ជាតិ ឬ​ត្រូវ​ក្រោក​ឈរ​ឡើង​ពេល​គេ​ចាក់​បទ​ភ្លេង​ជាតិ។
ជា​ធម្មតា​ ការ​គោរព​ថ្វាយ​បង្គំ​ព្រះសម្មាសម្ពុទ្ធ មិន​មែន​ចាំបាច់​តែ​ទៅ​វត្ត​នោះ​ទេ។ ប៉ុន្តែ​ពុទ្ធបរិស័ទ​ជា​ច្រើន​ដូច្នេះ​មែន ព្រោះ​ថា​នៅវត្ត​ពួក​គាត់​អាច​ជួប​ជុំ​ជា​មួយ​នឹង​សព្រហ្មចារី ឬ​ដើម្បី​រៀន​សូត្រ​នូវ​ព្រះពុទ្ធ​វចនៈ​បន្ថែម។ នៅ​ក្នុង​ពុទ្ធ​សាសនា​មិន​មាន​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ធ្វើ​សក្ការបូជា​ទេ ហើយ​ពុទ្ធសាសនិក​មិន​មែល​មាន​ពិធី​បូជាយញ្ញនោះ​ដែរ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា មាគ៌ា​ដ៏​ប្រពៃ​បំផុត​ក្នុង​ការ​គោរព​ព្រះអង្គ គឺ​ត្រូវ​ប្រតិបត្តិ​តាម​អ្វី​ដែល​ព្រះអង្គ​បាន​សម្ដែង។ នេះ​បាន​ដល់​ការ​ប្រតិបត្តិ​ប្រកប​ដោយ​បញ្ញា​ស្មារតី និង​ភាព​រឹងមាំ​មួយ​ផ្ទុយ​ពី​បុគ្គល​ពួក​ខ្លះ​ដែល​ប្រឆាំង​នឹង​ការ​ទៅវត្ត​អារាម ហើយ​បែរ​ជា​យក​ពេល​ទំនេរ​ដ៏​មាន​តម្លៃ​មក​ធ្វើ​អំពើ​អាក្រក់​ទៅវិញ។
តើ​អ្វី​ជា​សារសំខាន់​នៃ​ការ​បូជា​របស់​ពុទ្ធសាសនិក?
តាម​ប្រពៃ​ណី  យើងសង្កេត​ឃើញ​ថា  ធូប  ទៀន  និង ផ្កា ទាំង​បី​នេះ​ ជាវត្ថុ​សាមញ្ញ​សម្រាប់​ធ្វើ​សក្ការ​បូជា។ ពុទ្ធ​សាសនិក​ដែល​ចេះ​ដឹងពុទ្ធ​សាសនា​ជ្រៅ​ជ្រះ​នឹង​យល់​ថា វត្ថុ​ទាំង​នេះ​មិន​មែន​ជា​ការ​បូរជា​ពិត​ប្រាកដ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជា​និមិត្ត​សញ្ញា​រំលឹក​ស្មារតី។
ជាក់​ស្ដែងធូប​រំលឹក​អំពី​ក្លិន​នៃ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​ផ្សាយ​ទូទៅ​ពេញ​សាកល លោក។ ទៀន​តំណាង​ឲ្យ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ​ដែល​បំភ្លឺ​ផ្លូវ​យើង​ក្នុង​ទីងងឹត។ រី​ឯ​ផ្កា​វិញ រំលឹក​អំពី​ជីវិត​របស់​យើងទាំង​អស់​គ្នា​នេះ​ថា ស្ថិត​ក្នុង​សភាព​មិន​ទៀត​ទាត់ ប្រៀប​ដូច​ផ្កា​ដែល​យើង​បូជា​យ៉ាង​ដូច្នោះ​ដែរ។ ផ្កា​នៅ​កំពុង​រីក គឺ​ស្រស់​ស្អាត និង​មាន​ក្លិន​ក្រអូប​ណាស់ ប៉ុន្តែ​វា​នឹង​ស្វិត​ស្រពោន និង​ប្រែរូប​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ រូប​យើង​ទាំង​អស់​គ្នា​នឹង​ចាស់​បន្តិច​ម្ដងៗ ហើយ​ទី​បំផុត​ក៏​ដល់​នូវ​សេចក្ដី​ស្លាប់។
ដូច្នេះ​ផ្កា​បាន​រំលឹក​យើង​ថា យើង​គួរ​គប្បី​ប្រើ​ប្រាស់​ពេល​វេលា​របស់​យើង​តាម​ដែល​អាច​ធ្វើ​បាន ក្នុង​ការ​បំពេញ​នូវ​អំពី​ល្អ​ចំពោះ​អ្នកដទៃ​និង​ខ្លួន​ឯង ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

Share:

0 comments:

Post a Comment

Recent Posts

Unordered List

Pages

Theme Support